ថ្នាំជក់ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអះអាងថា ថ្នាំជក់ ជាហានិភ័យនៃជំងឺមិនឆ្លងនានាដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត ប៉ះពាល់ដល់សរីរាង្គទាំងអស់ និងប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។
ការអះអារបស់ក្រសួងសុខាភិបាល ធ្វើឡើងនៅប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី៣១ ខែឧសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ។

ក្រសួងបន្តថា សន្លឹកថ្នាំជក់ស្រស់ក៏មានសារជាតិ នីកូទីន និងជាតិជ័រថាដែលអាចប៉ះពាល់សុខភាពកសិករ ដូចជា ការកើតជំងឺថ្នាំជក់ស្រស់ដែលមានរោគសញ្ញា ដូចជា ក្អួត ចង្អោរ វិលមុខ ឈឺក្បាល បែកញើស ញាក់ ឈឺពោះ រាគ ខ្សោយ ពិបាកដកដង្ហើម និងច្រើនទៀត។ កសិករថ្នាំជក់ត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃទៅនឹងកំទេចកំទីថ្នាំជក់ និងថ្នាំពុលគីមីផ្សេងទៀត។

ក្រសួងបន្ថែមថា ការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករថ្នាំជក់ដែលដាំដុះ និងប្រមូលផលថ្នាំផកអាចស្រូបយកជាតិ នីកូទីនស្មើនឹង ៥០បារី ជារៀងរាល់ថ្ងៃ។ លើសពីនេះ កសិករថ្នាំជក់តែងតែនាំយកសារធាតុគ្រោះថ្នាកមកផ្ទះនៅ លើខ្លួនប្រាណ សម្លៀកបំពាក់ ឬស្បែកជើង ដែលនាំឲ្យមានគ្រោះថ្នាក់បន្ទាប់ បន្សុំ សម្រាប់គ្រួសាររបស់ពួកគេជាពិសេសកុមារ។

ទន្ទឹមនឹងនេះ ការដាំដុះថ្នាំជក់ទាមទារការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លាំង និងជីយ៉ាងច្រើន ដែលរួមចំណែកដល់ការរិចរិលដី។ សារធាតុគីមីចូលទៅក្នុងបរិយាកាស ក្នុងទឹក បំពុលបឹង ទន្លេ និងទឹកផឹក។ ដីដែលប្រើសម្រាប់ដាំថ្នាំជក់ មានជីជាតិថយចុះដែលធ្វើឲ្យការដាំដំណាំអាហារផ្សេងទៀតមានផលទាប។ ដូច្នេះ អង្គការសុខភាពពិភលលោកលើកទឹកចិត្តរដ្ឋភាគីផ្លាស់ប្ដូរពីដំណាំថ្នាំជក់មកដំណាំជាអាហារវិញ។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកាត់បន្ថយ ការប្រើប្រាស់ថ្នាំជក់ដោយដាក់ចេញនូវច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការត្រួត ពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជននិងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ជាដើម និងបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញការអនុវត្តច្បាប់ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត អនុវត្ត ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាឲ្យមានប្រសិទ្ធភាព ជំរុញការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃថ្នាំជក់ដើម្បី បង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។

ការអង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យស្ដីពីថ្នាំជក់ ឆ្នាំ២០២១ បានបង្ហាញថា ការប្រើប្រាស់ផលិតផលថ្នាំជក់នៅប្រទេសកម្ពុជា មានការថយចុះ។ អត្រាប្រេវ៉ាឡង់ការជក់ថ្នាំជក់ក្នុងចំណោម មនុស្សពេញវ័យអាយុ ១៥ឆ្នាំឡើង មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៥% ក្នុងឆ្នាំ២០២១ និង អត្រាប្រេវ៉ាឡង់ការជក់បារីក៏មានការថយចុះពី ១៧% ក្នុងឆ្នាំ២០១៤ មកត្រឹម ១៣% ក្នុងឆ្នាំ២០២១។ អត្រា ប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យអាយុ ១៣-១៥ឆ្នាំឡើង មានការថយចុះពី ៦.៣% ក្នុងឆ្នាំ២០១០ មកត្រឹម ២.៤% ក្នុងឆ្នាំ២០១៦។

ក្រសួងសុខាភិបាល បាន អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ជំរុញការអនុវត្តទីក្រុងគ្មានផ្សែងបារី ចូលរួមអនុវត្ត និងជំរុញការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ យុវជន យុវនារីគ្រប់រូប កុំសាកល្បង ប្រើប្រាស់ផលិតផលថ្នាំជក់ទោះជាក្នុងទំរង់ណាក៏ដោយ។ អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ សូមលះ បង់ទម្លាប់ប្រើ ប្រាស់ផលិតផលថ្នាំជក់ ដោយស្វែងរកការគាំទ្រត្រឹមត្រូវពីមណ្ឌលសុខភាព ឬតាមរយៈទូរសព្ទ ០១៧ ៧៩២ ៤០៧៕