សម្តេច ហ៊ុន សែន ណែ​នាំ​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​រៀបចំ​ចារឹក​អត្ថន័យ​សច្ច​ភាព​ជា​ប្រវត្តិសាស្ត្រ​លើ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែ​នាំ​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​សហការ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ធ្វើការ​ពិនិត្យ និង​រៀបចំ​ចារឹក​អត្ថន័យ​សច្ច​ភាពជា​ប្រវត្តិសាស្ត្រ​ជា​ភាសា​ខ្មែរ ភាសា​វៀតណាម និង​ភាសា​អង់គ្លេស លើ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​បាន​សាងសង់​នៅតាម​រាជធានី​-​ខេត្ត​នីមួយៗ​។ សម្តេច ថា ការរៀបចំ​បែបនេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ការពារ​នូវ​សច្ចភាព​ប្រវត្តិសាស្ត្រ​នៃ​ការជួយឧបត្ថម្ភ គាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ សំដៅ​បន្ត​ពង្រឹង​និង​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន។

ជាមួយ​គ្នា​នេះ​ សម្តេច​ក៏បាន​ណែ​នាំ​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​នីមួយៗ ត្រូវ​ធ្វើ​ការគ្រប់គ្រង ថែរក្សា ការពារ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​បាន​សាងសង់​នៅ​តាម​រាជធានី​-​ខេត្ត​របស់​ខ្លួន ហើយ​ក្នុង​ករណី​មានការ​ជួសជុល​កែលម្អ​ត្រូវ​រក្សា​រចនាប័ទ្ម​ដើម​ដែល​បាន​សាងសង់។

បើ​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​មិន​ទាន់​បាន​យល់ដឹង​អំពី​អត្ថន័យ​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​នេះ និង​បាន​ធ្វើ​ការ​បកស្រាយ​ក្នុង​ន័យ​ផ្សេងៗ​គ្នា ខុសពី​ការពិត និង​សច្ច​ភាពជា​ប្រវត្តិសាស្ត្រ​។ សម្តេច បាន​សង្កត់ធ្ងន់ថា អ្នកនយោបាយ​ខ្លះ​បាន​ប្រើប្រាស់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ជា​មូលដ្ឋាន​ដើម្បី​ធ្វើការ​វាយប្រហារ អុជអាល ញុះញង់ បំបែកបំបាក់​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជាមួយនឹង​ការ​បំផុសបំផុល​ឱ្យមាន​ការរើសអើង​ប្រកាន់ពូជសាសន៍​នៃ​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ថែមទៀត​។​

តែ​ទោះបីជា​យ៉ាង​នេះ​ក្តី សម្តេច​បាន​ពន្យល់ថា អំឡុង​ទសវត្សរ៍​៦០-៧០ កម្ពុជា​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ​ បាន​ចូលរួម​ជួយ​វៀតណាម​ក្នុង​បុព្វហេតុ​នៃ​ការ​បង្រួបបង្រួម​ជាតិ​ និង​ឯកភាព​ទឹកដី​វៀតណាម ហើយ​នៅ​ទសវត្សរ៍​៧០-៨០ វៀតណាម​ក៏បាន​ចូលរួម​ជួយ​កម្ពុជា​ក្នុង​បុព្វហេតុ​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ។

​សម្តេច បាន​បញ្ជាក់ថា ចាប់តាំងពី​ទសវត្សរ៍​៨០ រហូតមក​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​នៅតាម​រាជធានី​-​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​និមិត្តរូប និង​ជា​ការ​ចងចាំ​នូវ​ទំនាក់ទំនង​មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​ជួយ​ឧបត្ថម្ភ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេសជិតខាង​នឹង​គ្នា ក្នុង​បុព្វហេតុ​នៃ​ការ​នាំមក​នូវ​សុខ​សន្តិភាព​នៃ​ប្រទេស​នីមួយៗ​។​

សូម​ជម្រាប​ជូន​ថា ខ្លឹមសារ​នៃ​អក្សរ​ចរិត​លើ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម គឺថា “​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ដឹងគុណ ​និង​ការ​ចងចាំ​ចំពោះ​ពលិកម្ម​របស់​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​នៃ​ការ​បង្រួបបង្រួម ​និង​ឯកភាព​ទឹកដី​វៀតណាម​ក្នុង​អំឡុង​ទសវត្សរ៍​៦០-៧០ និង​ជា​សក្ខីភាព​នៃ​ការ​ដឹងគុណ​ និង​ការ​ចងចាំ​ចំពោះ​ពលិកម្ម​របស់​កងទ័ព និង​ប្រជាជន​វៀតណាម ដើម្បី​បុព្វហេតុ​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ទសវត្សរ៍​៧០-៨០”​។ ខ្លឹមសារ​នៃ​អក្សរ​ចរិត​នេះ គឺ​ត្រូវ​ធ្វើ​ឡើងជា​បី​ភាសា​រួមមាន​៖ ភាសា​ខ្មែរ វៀតណាម និង​អង់គ្លេស​៕​