កម្មសិទ្ធិសំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរី ក្នុងទំហំដែលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀតបានកម្រិត។
ឧទាហរណ៍:
លោក ក ជាម្ចាស់កម្មសិទ្ធិ លើដីមួយកន្លែង មានទីតាំងស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដូច្នេះ លោក ក មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើដីនោះ ដោយសេរី ក្នុងទំហំដែលច្បាប់បានកំណត់។
ផ្ទុយមកវិញ បើលោក ក ប្រើសិទ្ធិលើដីរបស់ខ្លួនដោយបំពានលើសិទ្ធិអ្នកដទៃ ឬក៏រំខានដល់ជីវភាពរស់នៅរបស់អ្នកជិតខាងដែលកើតចេញពី ឧស្ម័ន ចំហាយទឹក ក្លិន ផ្សែង ម្រែងភ្លើង កំដៅ សម្លេង រំញ័រ ជាអាទិ៍ នោះ លោក ក ត្រូវទទួលខុសត្រូវលើការខូចខាតដោយសារការបំពានលើសិទ្ធិអ្នកដទៃ។
ការបង្កើត ការផ្ទេរ និងការកែប្រែកម្មសិទ្ធិត្រូវបង្កើតតាមការព្រមព្រៀងរវាងភាគី ស្របតាមបញ្ញត្តិជាធរមាន។
ចំពោះ ចលនវត្ថុ អាចតតាំងនឹងតតិយជន ឬ ជនទី៣ក្រៅពីគូភាគី លុះត្រាតែ បានផ្ទេរការកាន់កាប់។
ចំណែកឯ អចលនវត្ថុ អាចតតាំងជាមួយតតិយជនបាន លុះត្រាតែ ការបង្កើត ការផ្ទេរ ឬកែប្រែនោះ បានចុះបញ្ជីនៅសុរិយោដីតាមបញ្ញត្តិនៃច្បាប់ ឬ បទដ្ឋានគតិយុត្តផ្សេងពាក់ព័ន្ធនឹងការចុះបញ្ជី។
សូមបញ្ជាក់ជូនផងថា កម្មសិទ្ធិត្រូវបានកំណត់ជាក់លាក់ដោយច្បាប់ស្តីពី ការអនុវត្តក្រមរដ្ឋប្បវេណី ប្រកាសឱ្យប្រើនៅថ្ងៃទី៣១ ខែឧសភា ឆ្មាំ២០១១, ក្រមរដ្ឋប្បវេណីកម្ពុជា ប្រកាសឱ្យប្រើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ និងច្បាប់ភូមិបាល ប្រកាសឱ្យប្រើនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១៕