អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសពីការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២។ ការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅថ្ងៃទី៤ កុម្ភៈនេះ។
ប្រភពដដែល បានបន្តថា កម្មវិធីទូរស័ព្ទឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ នេះ គឺសាធារណជន និងធុរជនពាក់ព័ន្ធអាចប្រើប្រាស់សម្រាប់ជាជំនួយដល់ការស្វែងរកចំណាត់ថ្នាក់ទំនិញតាមលេខកូដ មុខទំនិញហាមឃាត់និងជាប់កម្រិតកំណត់ និងគណនាអត្រាពន្ធអាករប៉ាន់ស្មានជាដើម៕