រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធាន ការផ្លូវច្បាប់ករណីបាតុករ ណាហ្កាវីលដ៍ បំពានវិធានការសុខាភិបាល

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការរដ្ឋបាលចំពោះបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវីលដ៍ដែលបំពានវិធានការសុខាភិបាលក្នុងករណីនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀត។ ការព្រមានធ្វើឡើងបន្ទាប់ពីក្រុមបាតុករនៅតែរឹងរូស មានៈ មិនព្រមសហការឱ្យយកសំណាក បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា បាតុករនៃក្រុមតវ៉ាម្នាក់នៃក្រុមហ៊ុននេះត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ ប្រភេទអូមីក្រុង។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រ ទី៤ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុដែលមិនព្រមអនុវត្តវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលត្រូវទទួលទោសតាមច្បាប់”។

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បាតុករជាស្រ្តីម្នាក់ក្នុងចំណោមបាតុករអតីតបុគ្គលិកណាហ្កាវីលដ៍រកឃើញមានវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង។ បាតុករជាស្រ្តីរូបនេះ បានទៅពិនិត្យផ្ទៃពោះនិងបានរកឃើញថាមានផ្ទុកជំងឺនេះ បញ្ជាក់ដោយមន្ទីរពិសោធន៍នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទី៤ កុម្ភៈ។

ដើម្បីបញ្ជៀសការឆ្លងរីករាលដាលជំងឺមួយនេះទ្រុងទ្រាយធំ ក្រសួងបានណែនាំឱ្យបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវិរុសកូវីដ១៩ ដែលមានទីតាំងស្ថិតនៅកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្រសួង បានបន្តថា ក្នុងករណីមានបុគ្គលណាម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នោះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ឬធ្វើការព្យាបាលទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យទទួលខុសត្រូវ៕