រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា រ.ទ.ស.ក អះអាងថា ចាប់ពីឆ្នាំ២០២៣ខាងមុននេះទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រ.ទ.ស.ក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែល បានបន្តថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគូប/ថ្ងៃ។ រ.ទ.ស.ក ថា ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា៨សែនម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ។
ឆ្លើយតបចំពោះបញ្ហាខាងលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថា “រ.ទ.ស.ក កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូប/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រ.ទ.ស.ក មានសមត្ថភាពអាច ផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣”។
ជាមួយគ្នានេះដែរ រ.ទ.ស.ក បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ចូលរួមជួយសន្សំសំចៃការប្រើប្រាស់ទឹកស្អាតដើម្បីចែករំលែកទៅអ្នកប្រើប្រាស់ផ្សេងទៀតជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាយក្រុងអាចប្រើប្រាស់បាន។ ការអំពាវនាវរបស់រដ្ឋករទឹកស្អាតកម្ពុជាបែបនេះ គឺធ្វើឡើងបន្ទាប់ពីពិនិត្យឃើញការរដូវប្រាំងឆ្នាំ២០២២នេះ មានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់។
រ.ទ.ស.ក បានបន្តថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ ដូច្នេះអតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅ ក្នុងតំបន់ជាយក្រុង៕