លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា បានជួបជាមួយតំណាងស្ថានីយប្រេងឥន្ធនៈ ដើម្បីពិភាក្សាជុំវិញការរៀបចំឧបករណ៍សម្ភារៈបញ្ចូលថាមពលយានយន្តអគ្គិសនី ហៅថា EV Charging Station ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ ជំនួបនេះគឺធ្វើឡើងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាទីស្តីការក្រសួង។
យោងតាមក្រសួងសាធារណការ បានឱ្យដឹងថា ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពនៃការជំរុញការប្រើប្រាស់យានយន្ត EVs គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីធ្វើការសាកល្បងផងដែរ។
គម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំងដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda ,NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%។
សូមជម្រាបជូនថា ជំនួបនេះគឺមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ៕