គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សមហាសាមគ្គីជាតិខ្មែរសម្រាប់ ឈរឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបបចំការបោះឆ្នោត (គ.ជ.ប) សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលមាន ៧ មណ្ឌលរាជធានីខេត្ត។ នេះ បើតាមសេចក្តីសម្រេច របស់ របស់ គ .ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៣។

ការសម្រេចបដិសេធរបស់ គ.ជ.ប ខាងលើនេះ ដោយមូលហេតុ គណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយ ចំនួន ៥ ត្រូវបាន គ.ជ.ប ចេញលិខិត ជូនដំណឹងឱ្យបំពេញបន្ថែមចំណុចខ្វះខាត ហើយគណបក្សនយោបាយ ចំនួន ៣ បានបំពេញត្រឹមត្រូវជូន គ.ជ.ប វិញ គឺ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និង គណបក្សខ្មែរឈប់ក្រ។ ដោយឡែកគណបក្សនយោបាយចំនួន ២ ទៀត មិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់ ត្រូវបាន គ.ជ.ប បដិសេធ គឺ គណបក្ស ភ្លើងទៀន និង គណបក្សមហាសាមគ្គីជាតិខ្មែរ។

សរុបមក ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយ ចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។ គណបក្សនយោបាយ ចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕