ភ្នំពេញ ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់របស់កម្ពុជាឆ្ពោះទៅកាន់សមុទ្រ ត្រូវបានដាក់ឈ្មោះថ្មីមួយទៀត គឺ “គម្រោងព្រែកជីកហ្វូណនតេជោ”។ ការដាក់ឈ្មោះថ្មីមួយទៀតនេះធ្វើឡើងនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃ១៩ ឧសភា ក្រោមអធិតីភាពសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចប្រជុំនេះ ក៏បានសម្រេចអនុម័ត និងផ្ដល់អនុសាសន៍ណែនាំមួយចំនួនបន្ថែមលើ «របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ក្រោយការពិនិត្យពិភាក្សាយ៉ាងម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ។
តាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱ្យដឹង ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ក៏មានឈ្មោះមួយទៀត គឺ “គម្រោងព្រែកជីកហ្វូណនតេជោ” ។
ក្នុងកិច្ចប្រជុំព្រឹកមិញនេះដែរ សម្តេចតេជោក៏បានផ្ដល់អនុសាសន៍ណែនាំឲ្យបន្តការសិក្សាអំពីផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្របន្តទៅទៀត និងធ្វើការជូនដំណឹងទៅគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គ ដោយស្របតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ទៅលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់។
គម្រោងនេះក៏នឹងគ្រោងចំណាយថវិកាប្រមាណជា១៧០០លានដុល្លារផងដែរ ៕