ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន Nippon Engineering Consultants Co., Ltd. តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ពិភាក្សាស្វែងរកកិច្ចសហការជាមួយនាយកដ្ឋានផ្លូវ ល្បឿនលឿន ស្ពានធំៗ និងការវិនិយោគ របស់អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការប្រមូលទិន្នន័យព័ត៌មានមូលដ្ឋាននៃស្ថានភាព និងបញ្ហានានាស្តីពីការគ្រប់គ្រង ថែទាំស្ពានធំៗ ។
កិច្ចពិភាក្សាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ រវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រុមការងារបច្ចេកទេសអញ្ជើញមកពីក្រុមហ៊ុន Nippon Engineering Consultants Co., Ltd. តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA (Japan International Cooperation Agency) ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងមួយចំនួនផងដែរ។
បើតាមក្រសួងសាធារណការ កិច្ចពិភាក្សាផ្តោតសំខាន់លើស្ពានដែលបានសាងសង់ដោយគម្រោងរបស់ទីភ្នាក់ងារJICA ដើម្បីយកមកធ្វើការវិភាគ ពិចារណា អំពីរបៀបគ្រប់គ្រងថែទាំនាពេលអនាគត។ ការប្រមូលព័ត៌មានជាមូលដ្ឋាននេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាប្រទេសនានា ដែលកំពុងអនុវត្ត ឬបានអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេស និងមានកម្រិតជាក់លាក់ខុសៗគ្នាទាំងកម្លាំងបច្ចេកទេស និងស្ថានភាពហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងជំនួបនោះ លោក តូច ចាន់កុសល បានណែនាំឱ្យភាគីពាក់ព័ន្ធ ជាពិសេស នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងការវិនិយោគ ត្រូវចូលរួមសហការក្នុងការងារនេះឱ្យអស់ពីលទ្ធភាព ដើម្បីជួយជំរុញការប្រមូលទិន្នន័យព័ត៌មាន ប្រព្រឹត្តទៅបានដោយរលូន ដែលអាចធ្វើឱ្យការសិក្សាសម្រេចបានលទ្ធផលតាមការរំពឹងទុក ដោយហេតុថាលទ្ធផលទាំងនោះនឹងក្លាយជាជំនួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងសមត្ថភាពនៃការគ្រប់គ្រងថែទាំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ និងស្ពាននានា៕