ព្រៃវែង៖ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានធ្វើការណែនាំតម្រូវ ឱ្យនគរបាលខេត្តព្រៃខេត្តព្រៃវែងត្រូវ យកបេះដូងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រៃវែងឱ្យបាន តាមរយៈកាមពង្រឹងសេវាសន្តិសុខ ចុះបង្ក្រាបបទល្មើស រួមទាំងផ្តល់សេវា ប្រកបដោយប្រសិទ្ធិភាព និងសាកសិទ្ធិភាព ។
ការណែនារបស់លោក ឈឿន ប៊ុនឆន ធ្វើឡើងក្នុងពេលដឹកនាំលោកស្នងការរង នាយការិយាល័យ ចំណុះស្នងការដ្ឋាន អញ្ជើញចុះត្រួតពិនិត្យការងារ សួរសុខទុក្ខ ផ្តល់ការណែនាំ និងដាក់ចេញនូវបទបញ្ជាមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ និងការងារចុះបង្ក្រាបបទល្មើសនានា ដល់លោកអធិការ អធិការរង និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកពោធិ៍រៀងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
លោ ឈឿន ប៊ុនឆន បានតម្រូវឱ្យនគរបាលពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងវិន័យកងកម្លាំងនគរបាល និងបានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ និងការងារចុះបង្ក្រាបបទល្មើសនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានលទ្ធផលល្អប្រសើរ ។
ជាមួយគ្នានោះ លោក ក៏បានជំរុញ និងលើកទឹកចិត្តឱ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកទាំង ៣ ត្រូវខិតខំបង្រ្កាបល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើង ឱ្យបានថយដល់កំរិតអប្បរិមា ប្រកបដោយជំនាញ និងវិជ្ជាជីវៈជានគរបាល ។ មិនតែប៉ុណ្ណោះ លោក ស្នងការ បានជំរុញដល់មន្ត្រីនគរបាលខេត្តព្រៃវែង ត្រូវធ្វើការងារប្រកបដោយឆន្ទៈខ្ពស់ ធ្វើយ៉ាងណាត្រូវយកបេះដូងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឱ្យបាន ៕