សម្តេច ហ៊ុន សែន បញ្ជាឱ្យលោក កើត រិទ្ធ សិក្សាទិដ្ឋភាពផ្លូវច្បាប់ករណីការអំពាវនាវប្រមូលកម្លាំងរបស់បក្សភ្លើងទៀន

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងការអំពាវនាវពីការប្រមូលកម្លាំងរបស់គណបក្សភ្លើងទៀនដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធមិនចុះបញ្ជីឱ្យបក្សនេះ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងសារសម្លេងជាងមួយនាទី នៅថ្ងៃទី១៣ ឧសភានេះ សម្តេច បានសង្កត់ធ្ងន់ថា «ខាងវិធានការផ្លូវច្បាប់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាជាមួយនឹងតុលាការថាចាត់វិធានការបែបណាក្នុងករណីយើងចាប់ខ្លួនឬឃាត់ខ្លួនមនុស្សបែបនេះ»។

សម្តេច ចាត់ទុកអ្វីដែលគណបក្សភ្លើងទៀនបានធ្វើនេះ គឺបានបោះមួយជំហានមកមុនគំរាមកំហែងដល់សន្តិសុខ ស្ថេរភាពតាមរយៈការអំពាវនាវកម្លាំងគាំទ្រចូលរួម។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឱ្យអ្នកគាំទ្រគណបក្សភ្លើងទៀនទាំងអស់ស្ងប់ស្ងាត់នឹងកុំធ្វើតាមការញុះញង់និងការអំពាវនាវរបស់បក្សនេះ។

ការប្រតិកម្មរបស់សម្តេច នេះ គឺធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវឱ្យមានការប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្ររបស់គណបក្សនៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណី គ.ជ.ប បដិសេធមិនចុះបញ្ជីឱ្យគណបក្សនេះ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ៕