សម្តេច ហ៊ុន សែន ណែនាំឱ្យបណ្តាពន្ធនាគារត្រៀមទទួលថ្នាក់ដឹកនាំបក្សភ្លើងទៀនបើឈានមុខបង្កអសន្តិសុខនិងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖ «សូមឱ្យបណ្តាពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀនប្រសិនបើគេហ៊ានប្រព្រឹត្តបទល្មើសទាំងឡាយ។ សូមកុំញញើតជាមួយការប្រើប្រាស់នូវវិធានការច្បាប់ឆ្លើយតបជាមួយនឹងទង្វើគ្រោះថ្នាក់របស់គណបក្សភ្លើងទៀន»។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ឧសភានេះ។

សម្តេច ក៏បញ្ជាទៅអាជ្ញាធរគ្រប់ទីកន្លែងដែលមានសមត្ថកិច្ចមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំប្រឆាំងនឹងសណ្តាប់ធ្នាប់សាធារណៈដែលកម្ពុជាធ្វើជាម្ចាស់នៃការប្រកួតស៊ីហ្គេមនោះឡើយ។ សម្តេច ក៏សង្កត់ធ្ងន់ថា«អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសកម្លាំងប្រដាប់អាវុធដែលមានការទទួលខុសត្រូវ ត្រូវត្រៀមបម្រុងខ្លួនដើម្បីចាប់យកក្បាលម៉ាស៊ីននៃមេដឹកនាំទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលហ៊ានចេញមុខប្រឆាំងគៀបសង្គត់ជាមួយសណ្តាប់ធ្នាប់សាធារណៈដែលកំពុងប្រព្រឹត្តទៅ»។

ការប្រតិកម្មរបស់សម្តេច នេះ គឺធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវឱ្យមានការប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្ររបស់គណបក្សនៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណី គ.ជ.ប បដិសេធមិនចុះបញ្ជីឱ្យគណបក្សនេះ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ។

សម្តេច បន្ថែមថា «យើងមិនអាចអត់ឱនបានជាមួយនិងទង្វើគ្មានការទទួលគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀនបានទេ។ យើងសូមប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀនគ្រប់លំដាប់ថ្នាក់ពួកអ្នកនឹងទទួលរងនូវការឆ្លើយតបសមរម្យពីអស់លោកអ្នក។ ប្រសិនបើអស់លោកអ្នកហ៊ានបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈនិងកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមដ៏ជោគជ័យ»៕