សាលាឧទ្ធរណ៍នឹងបើកសវនាការសុំណុំរឿង ថាច់ សេដ្ឋា នៅដើមសប្តាហ៍ក្រោយ

ភ្នំពេញ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការសួរដេញដោលសំណុំរឿងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងបទញុះញង់ឲ្យមានការរើសអើង។

យោងតាមលិខិតអញ្ជើញមេធាវី ជូ ជូងី មេធាវីការពារសិទ្ធិឱ្យ លោក ថាច់ សេដ្ឋា របស់ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ កែវ សុគន្ធា ចុះថ្ងៃទី ១១ ខែឧសភា បានតម្រូវ ឱ្យចូលសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២ និង០០ នាទី រសៀល នៅបន្ទប់សវនាការទី២ ជាកំណត់ ដើម្បី ធ្វើការពិភាក្សាដេញដោលលើ បណ្ដឹងឧទ្ធរណ៍របស់មេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ប្តឹង ឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ។

លោក ថាច់ សេដ្ឋា ត្រូវបានចោទ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅប្រទេស កម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៣ តាមមាត្រា៤៩៤, មាត្រា៤៩៥ និងមាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ ។

សមាសភាពក្រុមប្រឹក្សា រួមមាន លោកស្រី យិច ឈាណាវី ជាប្រធានក្រុមប្រឹក្សា លោក អិន វ៉ាន់ វិបុល ជាចៅក្រមប្រឹក្សា និង តូ ពៅស៊ុន ជាចៅក្រមប្រឹក្សា ព្រមទាំង ក្រឡាបញ្ជីសវនាការ គឺ លោកស្រី ស៊ឺ លីនដា៕