ក្រុមការងារសម្អាតបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ ក្រុមការងារសម្អាតបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ បន្ទាប់ពីមើលឃើញសំរាមថង់ផ្លាស្ទិក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួបប្រទះជារៀងរាល់ថ្ងៃ។

អ្នកស្រី ម៉ាប់ ឌឹប ដែលជាសមាជិកក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ បានលើកឡើង នៅថ្ងៃទី ១២ ខែឧសភានេះ ថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទិក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួបប្រទះជារៀងរាល់ថ្ងៃ ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល ។

ពិសេស អ្នកស្រី ស្នើសុំ បងប្អូនដែលមានជាប់មកជាមួយនូវម្ហូបអាហារ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាម ដើម្បីឱ្យសម្រស់ផ្លូវវង់ធំនេះមានតែភាពបៃតងស្រស់បំព្រង និងគ្មានសំរាម។

អ្នកស្រីបន្តថា ការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូប គឺជាការចាំបាច់ដើម្បីរមណីយដ្ឋានអង្គរគ្មានសំរាម ហើយមិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ គឺសំរាមនៅតាមដងផ្លូវក៏ត្រូវយកចិត្តទុកដាក់ផងដែរ រួមជាមួយនឹងក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់សម្អាតជាប្រចាំ ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទិក ដប កំប៉ុងផ្សេងៗ ដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ៕