ចាប់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត ៨០គីឡូក្រាម

តាកែវ ៖សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួនមនុស្សចំនួន ៤នាក់ និងរឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងនៅថ្ងៃទី ១២ ខែឧសភានេះ ថា ការចាប់ខ្លួននេះ និងរឹបអូសថ្នាំញៀន ខាងលើនេះ ធ្វើឡើង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣អនុវត្តតាមបញ្ជា នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

អគ្គស្នងការដ្ឋាននគរបាលជាតិបន្តថា ជនសង្ស័យចំនួន៤នាក់រួមមានទី១.ឈ្មោះ ទួន សាស្រា្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ ទី២.ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ ទី៣.ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ និង ទី៤.ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មួយចំនួន រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១១៨.៦៤ក្រាម, សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧ ៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និងរថយន្ត១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕