សាលាដំបូងខេត្តកំពង់ធំនាំយកអង្ករ ៣ តោន ប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត

កំពង់ធំ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំបាននាំយកអង្ករចំនួន ៣.០០០ គីឡូក្រាម ( បីតោន) ប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ។

ពិធីប្រគល់-ទទួល ធ្វើឡើងនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៣ ដឹកនាំដោយ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយលោកព្រះរាជអាជ្ញារងទាំងបួនរូប។

សាលាដំបូងខេត្តកំពង់ធំ ឱ្យដឹងថា ជានិច្ចកាលលោក ស៊ិន វិរៈ តែងតែជួយឧបត្ថម្ភគាំទ្រនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និង សម្ភារៈផ្សេងៗដល់អង្គភាពកងកម្លាំង និង ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដើម្បីជួយសម្រាលបន្ទុក និង ដោះស្រាយជីវភាព។

ប្រភពដដែលនេះបន្តថា តួយ៉ាងកាលពីឆ្នាំ២០២១ កន្លងទៅលោក បានឧបត្ថម្ភអង្ករចំនួន៣.០០០ គីឡូក្រាម ប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ សម្រាប់បម្រើសកម្មភាពមនុស្សធម៌ ជួយសម្រួលដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ៕