ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសម្ព័ន្ធអ្នកធ្វើធុរកិច្ចស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) និងសមាគមអ្នកនាំចូលនិងចែកចាយស្រាបៀរ និងស្រា (WSBIDA) បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿង ស្រវឹងក្លែងក្លាយនៅកម្ពុជា» ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ចំនួនប្រមាណ ១២០រូប។
វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ ដែលមានសមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះសុទ្ធជាប្រធានសាខា អនុប្រធានសាខា ព្រមទាំងមន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្តទាំង ២៥ ទូទាំងកម្ពុជា និងក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក Tan Ser Chhay ប្រធានសមាគមនអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) និងលោក Daniel Greif មេធាវីកម្មសិទ្ធបញ្ញាជាន់ខ្ពស់របស់ក្រុមហ៊ុន S&O។
វគ្គបណ្តុះបណ្តាលនាថ្ងៃនេះគឺជាវេទិការនិងជាយន្តការមួយក្នុងការផ្តល់នូវចំណេះដឹងបន្ថែមជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការអាចកំណត់បានអំពីភាពខុសគ្នារវាងផលិតផលពិត និងផលិតផលក្លែងក្លាយដែលផ្តល់ការបណ្តុះបណ្តាលពីសំណាក់អ្នកជំនាញការមកពីក្រុមហ៊ុន S&O ដែលជាក្រុមហ៊ុនមួយមានជំនាញច្បាស់លាស់ក្នុងការធ្វើជាភ្នាក់ងារតំណាងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនល្បីៗជាច្រើននៅលើពិភពលោក។
ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលនេះបានសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន នឹងស្ថាប័នអនុវត្តច្បាប់ ក្នុងប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយក្នុងទីផ្សារ ដែលជាវិធីសាស្រ្តមួយអាចកាត់បន្ថយនូវបញ្ហាប្រឈម និងភាពស្មុគស្មាញក្នុងការស្វែងរកបទល្មើសរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងអាចធានាបានប្រសិទ្ធិភាពក្នុងអនុវត្តច្បាប់។