កុមារាម្នាក់ “ ឆក់ខ្សែភ្លើងស្លា.ប់ ” នៅមុខច្រកចូលផ្សារទំនើប អូឡាំព្យា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ មានកុមារាម្នាក់បានស្លាប់ ដោយសារករណី ឆក់ខ្សែភ្លើង នៅមុខច្រកចូលផ្សារទំនើប អូឡាំព្យា ដោយសង្ស័យថាជាការធ្វេសប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ ទើបបណ្ដាលឱ្យឆក់កុមាររងគ្រោះ។

គ្រោះថ្នាក់ឆក់ខ្សែភ្លើងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩ និង០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ក្រោយកើតហេតុភ្លាមៗ កងកម្លាំងនគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ តែអកុសល កុមាររងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។

បើតាមប្រភពពីមន្រ្តីនគរបាលខណ្ឌ៧មករា ឱ្យដឹងថា បច្ចុប្បន្នកងកម្លាំងជំនាញខណ្ឌ កំពុងសហការជាមួយកម្លាំងនគរបាលផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ ដើម្បីចុះស្រាវជ្រាវនិងត្រួតពិនិត្យ កន្លែងកើតហេតុ ដេីម្បីបញ្ជាក់ពីមូលហេតុថាបណ្ដាលមកពីអ្វីឱ្យច្បាស់៕