ភ្នំពេញ៖ ស្ថានទូតជប៉ុនបាន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិក ដល់ស្ថាប័នអង្គការទទួលជំនួយមួយ ក្រោម គ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ ដោយ លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័ន ទទួលជំនួយ ដើម្បីអនុវត្តគម្រោង។
គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ថវិកាចំនួន ៦៩,៣៣៣ ដុល្លារអាមេរិក)ដែលមាន ស្ថាប័នទទួលជំនួយ គឺ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គប.ស.យ)។
ជំនួយឥតសំណងគូសាណូព៌ារបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិត មូលដ្ឋាន។
ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាព ក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍៕