នគរបាលស្រុកថ្មគោល ឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពលួចចូលលំនៅដ្ឋានលួចប្រាក់ពលរដ្ឋ

បាត់ដំបង ​៖​ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង១០នាទី នៅចំណុចក្រុមទី១១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកថ្មគោល បានទទួលបានពាក្យបណ្ដឹង មានករណីលួច (ប្រាក់) ពីជនរងគ្រោះឈ្មោះ ថាប់ លាប ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលំនៅដ្ឋានលួចប្រាក់ ។

ក្រោយពេលទទួលបណ្តឹងរួច​ ដោយអនុវត្តតាម​យោយោបល់ដឹកនាំរបស់លោក សាត​ គឹមសាន​ ស្នងការ ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជាយោបល់លោក លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ កម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ គិត លេដា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ម៉ូតូចំនួន ០១គ្រឿង​ ម៉ាកវេវអាល់ហ្វា​ ពណ៌ខ្មៅ ពាក់ស្លាក​ លេខបាត់ដំបង 1AH-9320 (មធ្យោបាយប្រព្រឹត្ត) ប្រាក់ខ្មែរចំនួន ៤៥០,០០០៛ (សែសិបប្រាំម៉ឺនរៀល)
ប្រាក់បាតចំនួន ៣៣,៧០០បាត (បីម៉ឺនបីពាន់ប្រាំពីររយបាត) និងកាបូបស្ពាយពណ៌ទឹកប៊ិចចំនួន​ ០១​ ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកថ្មគោលបាននាំជនសង្ស័យទៅយកវត្ថុតាង និងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកផែនជំនាញដើម្បីអនុវត្តបន្តតាម​នីតិវិធី-ច្បាប់ ៕