សម្ដេច ស ខេង ៖ ស្នងការរាជធានី-ខេត្ត គួរសុំលាចេញពីតំណែង បើរកឃើញ ដាក់មន្រ្តីពីថ្នាក់លើឲ្យបម្រើការនៅមូលដ្ឋាន

ភ្នំពេញ ៖ សម្ដេច ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា ប្រសិនបើរកឃើញព័ត៌មានពិតប្រាកដ មានការទម្លាក់មន្ដ្រីឲ្យទៅបម្រើការនៅមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នោះ គួរសុំលាចេញពីតំណែង ដោយត្រូវជ្រើសរើសមន្ដ្រីក្នុងមូលដ្ឋានដោយផ្ទាល់ ព្រោះពួកគាត់នៅជិតប្រជាពលរដ្ឋស្រាប់។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្ដេច ស ខេង បានរំលឹកថា កន្លងមកការជ្រើសរើសនគរបាលប៉ុស្ដិ៍ ហើយមានការប្រឡងរួច ទើបបញ្ជូនឲ្យប៉ុស្ដិ៍ឃុំ-សង្កាត់ ប៉ុន្ដែមិនបានទទួលជោគជ័យឡើយ ព្រោះមនុស្សដែលប្រឡងជាប់នោះ មិនមែនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ មិនប្រឡងទៀតឡើយ គឺឲ្យជ្រើសរើសដោយផ្ទាល់នៅប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់តែម្តង។

សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ទទួលព័ត៌មានថា រៀបចំទម្លាក់ពីខេត្តទៅតែម្ដង ដាក់ទៅកន្លែងណាប៉ុន្មាន ហើយមិនមែនជាមនុស្សនៅកន្លែងណុង បើខ្ញុំរកឃើញពិតប្រាកដមែន ស្នងការនគរបាលទទួលខុសត្រូវមុនគេ ។ បើជាការល្អ សុំដកខ្លួន សុំលាលែង កុំឲ្យដេញ ហើយអស់ស័ក្តទៀត ព្រោះយើងចង់បានថា បើកូនចៅប្រជាពលរដ្ឋនៅកន្លែងណា ត្រូវដាក់កន្លែងណុង នៅឃុំ-សង្កាត់ ណុង»។

សម្ដេចលើកឡើងទៀតថា ការជ្រើសរើសមន្ដ្រីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ ត្រូវចុះហត្ថលេខាដោយ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួចបញ្ជូនទៅនាយកដ្ឋានបុគ្គលិក ដូច្នេះត្រូវជ្រើសរើសមន្ដ្រីក្នុងមូលដ្ឋានដោយផ្ទាល់ ។ ចំពោះការផ្ទេរចេញទៅកន្លែងផ្សេងៗ ក៏ត្រូវឆ្លងកាត់ការចុះហត្ថលេខាដោយរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផងដែរ៕