ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ ច្បាប់នេះនឹងបើកផ្លូវឱ្យកម្ពុជា និងកូរ៉េខាងត្បូង អាចអនុវត្តដោយពេញលេញនូវការធ្វើពាណិជ្ជកម្មសេរីរវាងគ្នា។ ច្បាប់មួយនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ហើយដែលត្រូវព្រឹទ្ធសភាបានពិនិត្យលើទម្រង់ និងគតិច្បាប់ទាំងស្រុងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។
សម្រាប់កម្ពុជា ក៏ដូចជាកូរ៉េខាងត្បូង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។ កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រឹងមាំ ពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងការពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីរវាងប្រជាជាតិទាំងពីរ។
សូមរម្លឹកជូនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី៕