ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេច ហ៊ុន សែន ប្រមុននៃរាជរដ្ឋាភិបាល បានលើកឡើងថា ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព បន្ទាប់ពីប្រជាជាតិកម្ពុជា បានឆ្លងកាត់ដំណាក់កាលសង្គមនានាជាបន្តបន្ទាប់ ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ធ្វើឡើង នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ខណៈនៅល្ងាចថ្ងៃនេះប្រជាជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលកម្រនឹងបានឃើញដោយផ្ទាល់។
លោកបន្តថា នេះគឺជាវេលាយើង ដើម្បីបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតលើវេទិកាអន្តរជាតិដូច្នេះ ហើយចូលរួមអបអរសាទរជាមួយគ្នាក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង។
លោកថ្លែងថា៖ «យើងរួមគ្នាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ ជាមួយស្នាមញញឹម និងមោទកភាព ហើយគាំទ្រអត្តពលិកកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលាជាមួយស្មារតី #លើសពីការប្រកួត»។
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួនរួចហើយសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕