គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
បើតាម គ.ជ.ប ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ រួមមាន ៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្ស នយោបាយ, កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
គ.ជ.ប បានបញ្ជាក់ថា ការសម្រេចដាក់ដាក់ឱ្យដំណើរការប្រព័ន្ធខាងលើនេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងក្របខ័ណ្ឌបច្ចេកទេសទាក់ទងនឹងការបោះឆ្នោត ព្រមទាំងកាត់បន្ថយបាននូវបញ្ហាប្រឈមមួយចំនួនក្នុងដំណើរការបោះឆ្នោត។
សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕