ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាលនីមួយៗដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងថា ថា គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារតាមដំណាក់កាលនីមួយៗ ជាពិសេសការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាឯកសារគតិយុត្តដ៏សំខាន់ សម្រាប់ការអនុវត្តការងារបច្ចេកទេសបោះឆ្នោតតាមដំណាក់កាលនីមួយៗ។
លោក បន្តទៀតថា គ.ជ.ប បានដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជំនួសដល់ការអនុវត្តដោយដៃរបស់មន្ត្រីបោះឆ្នោតឱ្យកាន់តែមានភាពងាយស្រួល ល្អប្រសើរ មានតម្លាភាព និងសុក្រឹតភាពថែមមួយកម្រិតទៀត។
លោកបន្ថែមថា ក្រៅពីការកសាងលិខិតបទដ្ឋានគតិយុត្តដែលមានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ព្រមទាំងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត គឺជាកត្តាសំខាន់ដែល គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យហ្មត់ចត់ ហើយនេះគឺជាហេតុផលសំខាន់ នាំឱ្យមានការជួបជុំគ្នាក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀតពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោត ជាពិសេសការឃោសនាបោះឆ្នោត ដែលត្រូវអនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
ប្រធាន គ.ជ.ប រូបនេះ ក៏បានធ្វើការអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌សម្រាប់ការបោះឆ្នោត គោលការណ៍ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការឃោសនាបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅក្នុងសភាពការណ៍មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ មានភាពចាស់ទុំ មានភាពថ្លៃថ្នូរ ចៀសវាងការជេរប្រមាថ ការញុះញង់ ការអុជអាលនាំឱ្យមានការរើសអើងទៅលើសមាជិកជាតិពន្ធុ ក្រុមជាតិពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់ ដើម្បីបង្កបរិយាកាសល្អដល់ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប-តេយ្យ សេរីពហុបក្ស៕