ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមការងារនៃក្រសួងយុតិ្តធម៌ ដឹកនាំដោយលោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ រួមនិង លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជំនាញកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានបន្តចុះទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៣គ្រួសារនៅព្រះវិហារ តាមរយៈឃ្លីបវីដេអូមួយដែល បានផុសតាមFacebook មួយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ។
ក្រសួងយុត្តិធម៌នៅថ្ងៃទី ៤ ខែឧសភា ឱ្យដឹងថា ក្នុងការចុះបំពេញការងារនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំនេះក្រុមការងារនៃក្រសួងយុត្តិធម៌ បានពិភាក្សាការងារជាមួយលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងលោក រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពាក់ព័ន្ធករណីសំណុំរឿងដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ នៅខេត្តព្រះវិហារ ដែលបានប្តឹងឧទ្ធរណ៍ នាពេលកន្លងមក និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច៕