សមត្ថកិច្ចកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ក្រោមការបញ្ជា និងណែនាំផ្ទាល់ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ រួមជាមួយលោកស្នងការរង ទិត សំណាង និងលោកអធិការ សន តាល់ នៅវេលាម៉ោង ១៣៖៤៥នាទី ថ្ងៃទី២ កុម្ភៈនេះ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទទួលបញ្ចាំលក់ទិញម៉ូតូគ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវមួយកន្លែងនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងខាងលើនេះ មានម្ចាស់ឈ្មោះ ហេង ភារុន ដែលស្លាកអាជីវកម្មឈ្មោះ ភារុន ស្រុងមី។ សមត្ថកិច្ច បានបញ្ជាក់ថា មុនឈានចុះបង្ក្រាបនេះគឺពាក់ព័ន្ធនឹងករណីសង្សារមួយគូ បានខ្ចីម៉ូតូគេជិះពីខេត្តកំពង់ស្ពឺ ហើយយកមកបញ្ចាំងនៅទីតាំងខាងលើនេះ។
ប្រភពដដែល បានបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបានម៉ូតូចំនួន៣១គ្រឿង។ ម៉ូតូទាំងនេះត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកតាំងគោក។ បច្ចុប្បន្នម្ចាស់ទីតាំងខាងលើឈ្មោះ ហេង ភារុន បានរត់គេចខ្លួនបាត់។ ដោយឡែកប្រពន្ធរបស់ជនសង្ស័យឈ្មោះ បួយ សុងធី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីធ្វើការសាកសួរតាមផ្លូវច្បាប់៕