ពិតជាហ៊ានមែន! បុរសម្នាក់ថ្លើមធំចូលលួចម៉ូតូប៉ូលិសដល់អធិការដ្ឋានគរបាលស្រុកគិរីវង់

ខេត្តតាកែវ ៖ នគរបាលខេត្តតាកែវ កាលពីទី០១ ខែឧសភា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យមា្នក់កាលពី វេលាម៉ោង ២៣៖២០នាទីយប់ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  ពាក់ ករណីអំពើលួច(ម៉ូតូ) បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ ផានិត ភេទប្រុស  អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យនេះបានធ្វើសកម្មភាពមកលូចម៉ូតូកងកម្លាំងនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ អំឡុងពេលកំពុងសម្រាកលង់លក់ ដែលជាកម្មសិទ្ធរបស់ឈ្មោះម៉ុក ភីរម្យ  ភេទប្រុស អាយុ៣៨ឆ្នាំ(មុខរបរមន្រ្តីនគបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ខណៈជនសង្ស័យកំពុងធ្វើសកម្មភាព កងកម្លាំងក៏ភ្ញាក់ទាន់ ហើយឃើញជនសង្ស័យកំពុងធ្វើសកម្មភាព បានឃាត់ខ្លួនតែម្តង និងបានសាកសួរនាំ។ ម៉ូតូដែលជនសង្ស័យលួចមានម៉ាក(វីស្ទុនពណ៌ស្លែរ)(ម៉ូតូវៀតណាម)។

សូមបញ្ជាក់ថា មុនធ្វើសកម្មភាពលួចម៉ូតូនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជនសង្ស័យក៏បានចូលលួចឧបករណ៍មួយ ចំនួននៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់ និងបន្តមកធ្វើសកម្មភាពតែជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី៕