ក​.​អ​.​ក ប្រកាស​បើក​ការប្រកួត​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​ការចូលរួម​របស់​វិស័យ​ធនាគារ ក្នុងការ​លើកស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា

ក្លឹប​អ្នកកាសែត​កម្ពុជា ហៅ​កាត់​ថា ក​.​អ​.​ក នៅ​ថ្ងៃទី​១ កុម្ភៈ​នេះ បានប្រកាស​ពី​ការប្រឡង​ប្រកួតប្រជែង​សរសេរ​អត្ថបទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ ៖ ការចូលរួមចំណែក​រ​បស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងការ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។ ក​.​អ​.​ក ថា អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់​រង្វាន់​ចាប់ពី​ជាង​១​លាន​រៀល​ដល់​ជាង​៤​លាន​រៀល​រួមជាមួយ​ពាន​មួយ​ទៅតាម​លំដាប់​លេខ​១​ដល់​លេខ​៥​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព៍ត៌មាន​ចុះ​ថ្ងៃទី​១ កុម្ភៈ​នេះ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​។​

​ក​.​អ​.​ក បាន​បញ្ជាក់ថា ការរៀបចំ​ប្រឡង​ប្រែង​អត្ថបទ​សារព័ត៌មាន គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​ធន​គារ និង​ហិរញ្ញវត្ថុ និង​វិស័យ​សារព័ត៌មាន។ ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​និង​គុណភាព​នៃ​ការរាយការណ៍​ព័ត៌មាន​ទាក់ទង​និង​វិស័យ​ធនាគារ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​និង​គុណភាព​នៃ​ការរាយការណ៍​ព័ត៌មាន​ទាក់ទង​និង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ជូន​ដល់​អ្នកសារព័ត៌មាន ដើម្បី​ផ្តល់​ចំណេះដឹង​មូលដ្ឋានគ្រឹះ​ក្នុង​វិស័យនេះ​ដល់​ប្រជាជន​កម្ពុជា​ផងដែរ​។​

​លក្ខខណ្ឌ​ចំនួន​៥​ចំណុច​សម្រាប់​ការចូលរួម​នេះ​រួមមាន​៖ ការប្រកួតប្រជែង​នេះ​ត្រូវ​បើក​ជំហរ​សម្រាប់​អ្នកសារព័ត៌មាន​ទូទៅ​លើកលែងតែ​សមាជិក​គណៈកម្មាធិការ​នាយក និង​បុគ្គលិក​រដ្ឋបាល​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​។ អ្នកកាសែត​ស្ត្រី និង​អ្នកកាសែត​វ័យក្មេង​ត្រូវបាន​លើកទឹកចិត្ត​។​

​ការប្រកួត​នេះ ​បើក​ចំហរ​សម្រាប់​បេក្ខជន​ជា​អ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ កាសែត​បោះពុម្ព ទស្សនា​វ​ដ្តី សារព័ត៌មាន​អន​ឡាញ និង​អ្នកកាសែត​ឯករាជ្យ​។ ក​.​អ​.​ក ថា អត្ថបទ​ដែល​អាចដាក់​ចូលរួម​ក្នុងការ​ប្រកួត​បាន​ត្រូវតែ​ជា​អត្ថបទ​យកការណ៍​។​

​អត្ថបទ​ដែល​ត្រូវដាក់​ចូលរួម​ក្នុងការ​ប្រកួត ត្រូវតែ​ជា​អត្ថបទ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅតាម​អង្គភាព​របស់ខ្លួន ឬ​អង្គភាព​ព័ត៌មាន​ណាមួយ​រួចរាល់​ហើយ មុន​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ហើយ​អត្ថបទ​ដែល​ត្រូវដាក់​ចូលរួម ត្រូវតែ​ជា​អត្ថបទ​សារព័ត៌មាន​ជា​ភាសា​ខ្មែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់ ក​.​អ​.​ក​។​

​ក​.​អ​.​ក បាន​បន្ថែមថា សម្រាប់​បេក្ខជន​ដែល​ចង់​ចូលរួម​ប្រកួតប្រជែង​នេះ គឺ​ត្រូវ​ផ្ញើ​ស្នាដៃ​របស់ខ្លួន​មក​ទីស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២៕​