ភ្នំពេញ៖លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើដល់ សហគ្រាសដែលទទួលបានសម្ភារ: បរិក្ខារ និងកញ្ចប់ថវិកាវិនិយោគនៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) ត្រូវបន្តសហការល្អជាមួយគម្រោងនិងអនុវត្តតាមផែនការអាជីវកម្មឱ្យបានល្អ ឱ្យមានចីរភាព និងនិរន្តរភាព ។
ការស្នើរបស់លោក ឌិត ទីណា ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលលោក និងថ្នាក់ដឹកនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីប្រគល់សម្ភារ បរិក្ខារ និងកញ្ចប់ថវិកាវិនិយោគនៃកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។
លោកបន្តថា សម្រាប់សហគ្រាសដែលមិនទាន់ទទួលបានពេលនេះ ត្រូវធ្វើនវានុវត្តន៍អាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដោយផ្តោតលើគុណភាព និងសុវត្ថិភាពអនាម័យ ហើយក្រសួងនៅរង់ចាំជួយសហការសម្របសម្រួលសម្រាប់ទាំងអស់គ្នា ពិសេសការផ្សព្វផ្សាយ ដើម្បីជំរុញចូលទីផ្សារទាំងក្នុងស្រុក និងឈានទៅអន្តរជាតិ។
បើតាម លោក រដ្ឋមន្ត្រី ការផលិតត្រូវយកចិត្តទុកដាក់ជាចាំបាច់លើគុណភាព និងសុវត្ថិភាពអនាម័យតាមស្តង់ដា និងគោលនយោបាយ ដោយមិនប្រកួតលើបរិមាណ ដែលនាំតម្លៃធ្លាក់ចុះនោះឡើយ តែរក្សាបាននូវខ្សែច្រវាក់តម្លៃល្អ បង្កើនចំណូល មានផលចំណេញដល់ប្រជាកសិករ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ។
សូមជម្រាបជូនថា នៅក្នុងពិធីនេះ គម្រោងបានប្រគល់សម្ភារ បរិក្ខារ ដល់តំណាងសហគ្រាសជុំទី១ ចំនួន ៣សហគ្រាស និងប្រគល់កញ្ចប់ថវិកាវិនិយោគដល់សហគ្រាសជុំទី២ ចំនួន ១១សហគ្រាស៕