បាក់ច្រាំងទន្លេនៅស្រុកស្អាត​ ធ្វើឲ្យផ្ទះពលរដ្ឋខូចខាត​៤០ខ្នង

ភ្នំពេញ​ ៖​ អាជ្ញាធរខេត្តកណ្ដាល​ បានឲ្យដឹងថា​ ករណីបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣​នេះ​ បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋខូចខាតចំនួន​ ៤០ខ្នង​។ ក្នុងនោះ​ ផ្ទះរលំទាំងស្រុងមានចំនួន ២ខ្នងផ្ទះ,​ ផ្ទះប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ, ផ្ទះប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ។

យោងតាមលិខិតរបស់​ រដ្ឋបាលខេត្តកណ្ដាល​ នាថ្ងៃទី២៤​ មេសានេះ​បានឲ្យដឹងថា ដោយសារទឹកទន្លេបានស្រកចុះទើបបណ្តាលឲ្យមានការទាញដីធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ជាហេតុធ្វើឲ្យបាក់ស្រុតជាជម្រាកៗ។

ក្នុងលិខិតបញ្ជាក់ថា​ “ស្ថានភាព នៃការបាក់ច្រាំង​ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៤០ខ្នងផ្ទះ ស្មើនឹងចំនួន ២១គ្រួសារ (បញ្ជាក់​ ដោយកំណើន ខ្នងផ្ទះច្រើន ដោយសារ ក្នុងនោះ ១គ្រួសារ មានផ្ទះ២ ឬ៣ល្វែង) ដែលជាហេតុធ្វើឲ្យកើនឡើង”។

ជាមួយគ្នានេះ​ អាជ្ញាធរខេត្ត​ ក៏បានចុះណែនាំដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ រើសម្ភារៈ និងទ្រព្យសម្បត្តិមិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ ហើយអាជ្ញាធររៀបចំសុវត្ថិភាព និងធ្វើការបញ្ចៀសការកកស្ទះ និងសម្រួលដល់ការចរាចរណ៍របស់ប្រជាពលរដ្ឋ និងធ្វើការចងខ្សែចំពោះផ្ទះដែលបានរើសម្ភារៈចេញ ជៀសវាងប្រជាពលរដ្ឋចូលទៅរុះរើបន្ត៕