រដ្ឋាភិបាលនឹងកំណត់អាយុកាលក្នុងការនាំចូលរថយន្តមួយទឹក

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងថា លោក នឹងពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកំណត់អាយុកាលក្នុងការនាំចូលរថយន្តមួយទឹកមកកាន់ប្រទេសកម្ពុជា ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែតនាថ្ងៃទី ២១ មេសា ២០២៣ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យរថយន្តមួយទឹក និងកំណត់អាយុកាល ១០ ឆ្នាំ ឬ ១៥ ឆ្នាំ ឬ ៧ ឆ្នាំ ក្នុងការនាំចូលមកកាន់កម្ពុជា​។

ទោះជាយ៉ាងណា លោកថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដែលវា ថ្មី ហើយថោក ជាងរថយន្តមួយទឹកទៀត ។ ក្នុងមួយឆ្នាំៗកំណើននៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា មានការកើនឡើងយ៉ាងច្រើន ៕