ព្រះសីហនុ៖ លោក Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវបានបង្ហាញភាពភ្ជាក់ផ្អើល និងរំភើបចំពោះការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ កន្លងមកបានលឺតែគេនិយាយពីការអភិវឌ្ឍរីកចម្រើននៅមកដល់លើទឹកដីមាត់សមុទ្រជាលើកដំបូង ។
ការភ្ជាក់ផ្អើល និងរំភើបរបស់លោក លោក Saleumxay KHOMMSITH ធ្វើឡើង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលជួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
លោកបន្តថា នៅពេលលោក មកឃើញខេត្តព្រះសីហនុ ពិតជាមិននឹកស្មានដល់នៃការរីកចម្រើនរបស់ខេត្ត ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុដ៏មានសក្តានុពលមួយ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាបេះដូងនៃការអភិវឌ្ឍរបស់កម្ពុជា យើងបានឃើញសមុទ្រ តែប្រទេសឡាវមិនមានសមុទ្រដូចកម្ពុជា មានតែព្រៃ ព្រមទាំងបានឃើញនូវទេសភាពថ្មីៗជាច្រើនបន្ថែមទៀត ដែលធ្វើឱ្យមកម្តងនេះ និងចង់មកម្តងទៀតនៅពេលសមស្របណាមួយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងថារាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតារារះ “នាទិសនាតី” ផ្អែកលើសក្តានុពលខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅ បច្ចុប្បន្នមានទំនិញកុងតឺន័រប្រមាណ ៧០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេស កំពង់ផែបច្ចុប្បន្នអាចឱ្យនាវាមានជម្រៅទឹក ៩,៥០ម៉ែត្រចូលចតបាន។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយក្រុមហ៊ុន JICA ជប៉ុន បានធ្វើការអភិវឌ្ឍកំពង់ផែកជំហានទី១ ទី២ អាចឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រចូលចតបាន ធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ ដើម្បីប្រកួតប្រជែងការដឹក ជញ្ជូនជាមួយប្រទេសជិតខាង ។
លោកបន្ថែមថា រាជរដ្ឋាភិបាល និងបន្តការពង្រីកកំពង់ផែជំហានទី៣ ទី៤ អាចឱ្យនាវាដែលមានជម្រៅទឹកពី១៦ ទៅ ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាដែលចរាចរណ៍នៅលើពិភពលោកចូលចតបានដោយសេរី។ ខេត្តមានព្រលានយន្តហោះបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្លូវរត់មានប្រវែង ៣,៣០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំចុះចតបាន។
បើតាមលោក គួច ចំរើន បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីចេញដំណើរឱ្យកាន់តែមានងាយស្រួល កាលពីមុនកូវីដមាន ការចុះចត ៤០ជើងក្នុងមួយថ្ងៃ ហើយក្រោយកូវីដ ការចុះចតមានការថយចុះ។ ខេត្តមានផ្លូវល្បឿនលឿនទីមួយតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ការធ្វើចរាចរណ៍អាចមានរយពេល ១ម៉ោង ៣០នាទី ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើនកុះករនៅចុងសប្តាហ៍ ព្រោះការធ្វើដំណើរតាមផ្លូវជាតិលេខ៤ ប្រើពេលពី៥ ទៅ ៦ម៉ោង។ ផ្លូវដែកមិនទាន់ទំនើបដូចប្រទេសឡាវ ដែលមានផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅដល់ប្រទេសចិន និងព្រំដែនកម្ពុជា។
លោក បញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ ក្រុងព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសាកលលោក រួមជាមួយនឹងការបង្កើតក្រុមការងារបច្ចេកទេស ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕