កណ្តាល៖ អគារសម្ភពនៃមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ទំហំ១៥ម៉ែត្រគុណនឹង ៣០ម៉ែត្រ ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និង ការរីកចំរើនលើវិស័យសុខាភិបាល របស់កម្ពុជា ។
ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលថ្លែងថា នេះ ជាសក្ខីកម្មនៃសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់ ស្រុកកណ្តាលស្ទឹង ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ពិសេសវិស័យសុខាភិបាល ដែលមានការរីកចំរើន ប្រកបដោយ ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦។
លោកបន្តថា អគារសម្ភពនេះ ផងដែរក៏បានបង្ហាញពីការយកចិត្ត ទុកដាក់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ចំពោះវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនទូទាំងប្រទេស ពិសេសនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ដើម្បីលើកកម្ពស់គុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ “ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួល បានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាព” ៕