កូរ៉េ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានកោតសរសើរចំពោះពលករខ្មែរធ្វើការនៅកូរ៉េ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិតាមរយៈផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ លោក អ៊ិត សំហេង បានប្រាប់ទៅពលករទាំងនោះថា បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក រដ្ឋមន្ត្រីបានលើកឡើង អំពីការអនុវត្តភារកិច្ច ៥ រួមមាន៖ ទី១. ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា, ទី២. ផ្តល់សេវាសាធារណៈជូនក្មួយៗពលករ តាំងពីពេលប្រឡងតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ ហើយត្រឡប់ទៅវិញ, ទី៣. សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ, ទី៤. ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនក្មួយៗ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណៈសម្បត្តិពេលដែលវិលត្រឡប់ទៅវិញ, និងទី៥. សម្របសម្រួលបញ្ហាផ្សេងៗ ការប្រឹក្សា និងដោះស្រាយបញ្ហាទៅដល់ក្មួយ ដោយមិនគិតភាពនឿយហត់ ហើយក្រៅពីនេះ ក្រុមការងារកំពុងជួយសម្របសម្រួលក្នុងការបង្កើតវត្តខ្មែរ និងមជ្ឈមណ្ឌលវប្បធម៌ដើម្បីឱ្យក្មួយៗបានគោរពព្រះពុទ្ធសាសនា ដែលអាចជួបជុំគ្នាគោរពប្រតិបត្តិ និងបង្កើតជាកម្មវិធីកំសាន្តសប្បាយផ្សេងៗ៕