ភ្នំពេញ៖ ក្រោយបញ្ចប់ចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៣ ថ្ងៃ លោក បណ្ឌិត គិន ភាព ប្រធានវិទ្យាស្ថានទំនាក់ទំនងទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុចា បានកត់សម្គាល់ឃើញ ចូលឆ្នាំឆ្នាំនេះ, ប្រជាជនភាគច្រើនបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននានាជាច្រើន និងមើលទៅការលេងកម្សាន្តរបស់ពួកគាត់ ហាក់មានភាពសប្បាយរីករាយជាងឆ្នាំមុនៗ។
លោកបណ្ឌិត គិន ភា បានពន្យល់ពីមូលហេតុថា ស្ថានភាពនេះអាចកើតមានឡើង ដោយសារ : កម្ពុជាអាចគ្រប់គ្រងនិងយកឈ្នះលើកូវីដ-១៩ ទាំងស្រុង។ ប្រជាជនខានដើរកម្សាន្តនិងលេងសប្បាយប្រកបដោយទំនុកចិត្តបែបនេះ៣ឆ្នាំមកហើយដោយសារកូវីដ-១៩។ ស្ថានភាពជីវភាពប្រជាជនហាក់មានភាពប្រសើរជាងមុន។ ការលើកទឹកចិត្តនិងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ គ្រប់បណ្ដារាជធានី ខេត្ត បានបង្កើតកន្លែងកម្សាន្តនិងល្បែងលេងកម្សាន្តនានាប្រកបដោយភាពទាក់ទាញ ហើយថ្នាក់ដឹកនាំរាជធានី ខេត្តទាំងអស់ បានចូលរួមលេងសប្បាយជាមួយបងប្អូនប្រជាពលរដ្ឋ។ និង ជាពិសេសនិងសំខាន់បំផុត គឺកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន ឱ្យដឹងដែរថា ប្រជាជាតិយើង និងបរទេស ពិតជាសប្បាយ រីករាយ ក្នុងថ្ងៃឈប់សំរាកបុណ្យ ចូលឆ្នាំខ្មែរ កកកុញ គ្រប់ទីកន្លែង ឆ្នេរសមុទ្រ កោះ ព្រៃភ្នំ។ ទោះអាកាសធាតុក្ដៅបន្តិចក៍ដោយ។ ច្បាស់ណាស់ សន្តិភព ពិតជាសំខាន់។
បើតាមក្រសួងទេសចរណ៍ គិតត្រឹមថ្ងៃទី ២ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវទេសចរដើរលេងកម្សាន្ត ប្រមាណជាង ៤ លាននាក់ នៅតាមគោលដៅទេសចរណ៍សំខាន់នានានៅទូទាំងប្រទេស ៕