កំពង់ស្ពឺ៖ កូនតិរច្ឆាន ដុតផ្ទះឆេះអស់ព្រោះ ខឹងម្ដាយមិនបំពេញតាមបំណងទិញម៉ូតូអោយខ្លួនមុនបុណ្យចូលឆ្នាំថ្មី កាលទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២:៤៥នាទីស្ថិតនៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដារ ឈើលើ ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។
យោងតាមសាក្សីនិងជាអ្នកឃេីញហេតុការណ៍ដំបូងឃើញមានបុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត តាមការបញ្ជាក់ពីសមត្ថកិច្ចថាកូនដែលដុតផ្ទះខ្លួនឯង គឺជាមនុស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែមូលហេតុដែលនាំឱ្យកូនហ៊ានលើកដៃយកភ្លើងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន(ទិញម៉ូតូមុនចូលឆ្នាំ)។
សម្ភារៈខូចខាតមានដូចខាងក្រោម ៖ ផ្ទះទំហំ ៨×៩ ម៉ែត្រ ទូរសំលៀកបំពាក់ និង ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត ។ សំណាងល្អមិនបណ្ដាលឱ្យមានរបួសដល់មនុស្សនិងឆេះទ្រព្យសម្បត្ដិអ្នកដទៃ! !
ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយអគ្គិភ័យសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរនិងចំណាត់ការតាមនីតិវិធី៕