ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការរាជធានី-ខេត្ត សម្រាប់ដឹកនាំការអនុវត្តយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ឃុំ-សង្កាត់ ។
ក្នុងកិច្ចប្រចុំនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃលើកឡើងថា ការរៀបចំយន្ដការច្រកចេញចូលតែមួយ ថ្នាក់ឃុំ-សង្កាត់នេះ នៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួន គឺបានអនុវត្តយូរណាស់មកហើយ។
លោក រំលឹកថា ការដាក់អោយអនុវត្តយន្តការ ច្រកចេញចូលតែមួយនៅថ្នាក់ ឃុំ-សង្កាត់ មានលើកដំបូង នៅខេត្តបាត់ដំបង។ លោក បន្ដថា ផ្អែកតាមបទពិសោធន៍ នាពេលកន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានពង្រីកជាបន្ដបន្ទាប់នូវយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ឃុំ-សង្កាត់ នានា នៅទូទាំងប្រទេសកម្ពុជា ដោយមានការគាំទ្រពីធនាគារពិភពលោក។
លើសពីនេះ លោក ថា ដោយមានមូលដ្ឋាន និងបទពិសោធន៍ជាច្រើន ទើបរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតយន្ដការច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាថ្នាក់រាជធានី-ខេត្ត ហើយគោលដៅសំខាន់បំផុត គឺប្រមូលផ្ដុំសេវារដ្ឋបាល ឱ្យនៅគោលដៅតែមួយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលបានមកស្នើសុំសេវានានា។
ឆ្លៀតឱកាសនោះដែរលោក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាកម្ម (គ.ជ.ដ.អ) បានឯកភាពឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើការសិក្សា និងវាយតម្លៃខ្ពស់ចំពោះ ឃុំ-សង្កាត់ ចំនួន៥០០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីស្នើអនុវត្តយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ ឃុំ-សង្កាត់ គឺសេវាអត្តសញ្ញាណកម្ម ក្នុងជំហ៊ានទីមួយ៕