ភ្នំពេញ៖ លទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ កាលពីម្សិលមិញនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទូលបានជោគជ័យលើការបោះឆ្នោតនេះ ។
តាមរយៈលទ្ធផលបឋមដែលចេញដោយគ.ជ. ប បង្ហាញថា សម្រាប់ក្រុងអរិយក្សត្រ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ៥៤ គណបក្សភ្លើងទៀន ទទួលបានសម្លេង ១១ និងគណបក្សហ៊ុនស៊ិនប៉ិចមិនទទួលបានសម្លេង ។ ក្រុងសំពៅពូន គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ៣៧ គណបក្សភ្លើងទៀនទទួលបានសម្លេង ១៤ និងគណបក្សហ៊ុនស៊ិនប៉ិច មិនទទួលបានសម្លេង។ ក្រុងឧត្តម៉ែជ័យ គណបក្សភ្លើងទៀនទទួលបាន សម្លេង ៥ គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេង ៣២ និងគណបក្សហ៊ុនស៊ិនប៉ិច មិនទទួលបានសម្លេង ។ ស្រុកសាមគ្គីមុនីមានជ័យ គណបក្សភ្លើងទៀនទទួលបាន សម្លេង ៦ គណបក្សប្រជាជនកម្ពុជាទទួលបាន សម្លេង ៦២ និងគណបក្សហ៊ុនស៊ិនប៉ិច មិនទទួលបានសម្លេង ។ស្រុងអូរគ្រៀងសែនជ័យ គណបក្សភ្លើងទៀនទទួលបានសម្លេង ១ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ២៤ និងគណបក្សហ៊ុនស៊ិនប៉ិច មិនទទួលបានសម្លេង។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ឱ្យដឹងថា ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ២ បានដាក់ភ្នាក់ងារគណបក្សរបស់ខ្លួនដើម្បីសង្កេតមើលនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស ភ្លើងទៀន។ ភ្នាក់ងារគណបក្សនយោបាយសរុបមានចំនួន ២០ នាក់ ក្នុងនោះពេញសិទ្ធិចំនួន ១០ នាក់ (ស្រី ៤ នាក់) និងបម្រុង ១០ នាក់ ( ស្រី ៥ នាក់) ។ ចំពោះអ្នកសង្កេតការណ៍ មានអ្នកសង្កេតការណ៍ជាតិ ចំនួន ៤៣ នាក់ ភ្ញៀវពិសេស ១ នាក់ និងអ្នកសារ-ព័ត៌មាន ៤២ នាក់ ។
លោក បន្តថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៥ ការិយាល័យបោះឆ្នោត ដោយចាប់ផ្តើមពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ៨:២៥ នាទី ព្រឹក។ ការបោះឆ្នោតនេះត្រូវបានបញ្ចប់ ដោយអ្នកបោះឆ្នោតចំនួន ២៤៦ នាក់ ( ស្រី ៤៩ នាក់) បានចេញទៅបោះឆ្នោតគ្រប់ចំនួន ស្មើនឹង ១០០% ។ ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅ ពុំមានបាតុភាព ឬភាពមិនប្រក្រតីណាមួយកើតឡើងទេ ។
ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត លោកបញ្ជាក់ថា ថា បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមភ្លាមៗ នៅនឹងកន្លែងតាមនីតិវិធី។ បន្ទាប់មក គណៈកម្មការការិយាល័យបោះឆ្នោត បានបំពេញកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២ ) រួចបិទផ្សាយភ្លាមនៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ និងផ្តល់ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន។
បើតាម លោក យន្តការនៃការទទួល និងការប្រកាសផ្សាយលទ្ធផលបឋមនឹងត្រូវអនុវត្តតាមគោលការណ៍ និងបទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ កន្លងមក។ ហើយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ នឹងប្រកាសផ្សាយនៅល្ងាចថ្ងៃបោះឆ្នោតនេះតែម្តង បន្ទាប់ពីចប់កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដោយផ្សាយចេញពី គ.ជ.ប និងស្នើសុំកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដើម្បីផ្សព្វផ្សាយបន្តជាសធារណៈ។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោតនេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ ៕
ពាក់ព័ន្ធនឹងបណ្តឹងទៅនឹងការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត គ.ជ.ប បានបញ្ជាក់ជូនថា នៅថ្ងៃបោះឆ្នោតនេះពុំមានភាពមិនប្រក្រតី ឬបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយមានសិទ្ធិប្ដឹងអំពីភាពមិនប្រក្រតី ឬប្ដឹងតវ៉ា ឬជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោតទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធ ពីរថ្ងៃទៀតបន្ទាប់ពីថ្ងៃបោះឆ្នោត គឺត្រឹមថ្ងៃទី ១១ ខែមេសា នេះ ។ ប្រសិនបើគ្មានបណ្តឹងទេ នោះ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតនឹងបូកសរុបលទ្ធផលបោះឆ្នោតតាមនីតិវិធី រួចបញ្ជូនមក គ.ជ.ប ៕