សៀមរាប៖ ក្រសួងពាណិជ្ជកម្ម បានកំពុងបង្កើនល្បឿនចុះបញ្ជី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ “នំបញ្ចុកសៀមរាប” ក៏ត្រូវបាន កំណត់ជាផលិតផលសក្តានុពល ហើយគ្រោងចុះបញ្ជីម៉ាកសមូហភាពកណ្ដាលខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។
លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថ្លែងក្នុង មហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឱ្យដឹងថា សក្ដានុពល “នំបញ្ចុកសៀមរាប” ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ គឺ ដោយសារចំណេះដឹង-ចំណេះធ្វើ តាមបែបប្រពៃណីក្នុងការផលិត “នំបញ្ចុកសៀមរាប”។
លោកបន្តថា ហេតុនេះទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃបឋមអំពី លទ្ធភាពនៃការចុះបញ្ជី “នំបញ្ចុកសៀមរាប” ជាម៉ាកសមូហភាព ក្នុងគោលដៅរៀបចំឱ្យមានម៉ាកសម្គាល់រួមមួយសម្រាប់ផលិតផលនំបញ្ចុកកម្ពុជា ដែលផលិត និងដាំស្លដោយផលិតករក្នុងខេត្តសៀមរាប និងជំរុញការកែច្នៃ និងវេចខ្ចប់ នំបញ្ចុកសៀមរាប ឱ្យត្រូវតាមស្ដង់ដារ និងការតម្រូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេសស្របតាមទិសដៅនៃការធ្វើពិពិធកម្មទំនិញនាំចេញរបស់កម្ពុជាដែលជាផ្នែកមួយគាំទ្រខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកឱ្យមានការរីកចម្រើន។
លោក បន្ថែមថា ម៉ាកសមូហភាព នំបញ្ចុកសៀមរាប នឹងដើរតួនាទីបញ្ជាក់អំពីអត្តសញ្ញាណនៃប្រភពដើមផលិតកម្មបិត លើផលិតផលដែលដាក់លក់នៅលើទីផ្សារ ហើយព្រឹត្តិការណ៍នេះមិនត្រឹមតែផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងពង្រីកទីផ្សារនំបញ្ចុកនៅក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកនេះ នឹងក្លាយជាកម្លាំងស្រូបទាញទេសចរណ៍ជាតិ និងបរទេសឱ្យមកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម ដែលជាឱកាសសម្រាប់សហគមន៍កសិកម្ម ឬ យុវជន ជូនដល់ភ្ញៀវដែលមកកំសាន្តនៅក្នុងតំបន់របស់សហគមន៍ អាចបង្កើតប្រភពចំណូលបន្ថែមផង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាបន្ថែមទៀត ។
ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ភោធឱ្យប្រើ ប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត កែប” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ” និង “ដូងខ្ទះបាត់ដំបង” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជា ជាសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅសណ្ឋាគារ Phnom Penh Hotel។ហើយកន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពលចំនួន ៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបានចុះបញ្ជីម៉ាកសមូហភាព ចំនួន ៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះ វិហារ” ៕