មោទនភាពជាតិ៖ កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយមាស និងប្រាក់ ចំនួន៣គ្រឿង

ភ្នំពេញ៖ កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ចំនួន៣នាក់ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅរាជធានី ភ្នំពេញ ទទួលបានមេដាយមាស ចំនួន ២គ្រឿង និងប្រាក់ ចំនួន ១គ្រឿង។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ឱ្យដឹងថា កីឡាករ ដែលទទួលបានមេដាយរួមមាន : ១. ព្រិន្ទបាលឯក ប៉ាត អ៊ួក ទទួលបានមេដាយមាស ២. ពលបាលឯក ឌិប ង៉ែត ទទួលបានមេដាយមាស និង ៣. ពលបាលឯក ស៊ិន គឹមហេង ទទួលបានមេដាយប្រាក់ ។

បើតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ កីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន១២នាក់ ដឹកនាំដោយ លោក សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងជំរុញការហ្វឹកហាត់ ដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព។

ការហ្វឹកហាត់នេះ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ នាខែឧសភាខាងមុខ ជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕