កម្ពុជារំពឹងបានអ្នកទេសចរ ៤លាននាក់នៅឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជារំពឹងទទួលបានអ្នកទេសចរ ប្រមាណ ៤លាននាក់ នៅឆ្នាំ២០២៣នេះ ដោយផ្អែកលើការរស់ឡើងវិញនៃទេសចរណ៍ពិភពលោក ក៏ដូចជាទេសចរណ៍ក្នុងតំបន់ ដោយមានអន្តរាគមន៍យ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២-អាស៊ានប៉ារ៉ាហ្គេម។

ក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» (លើកដំបូង) នៅរាជធានីភ្នំពេញ និងពិធីសម្ពោធជាផ្លូវការគម្រោងសហគ្រាសរាប់ពាន់ចូលមកកម្ពុជា លោក ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថាសម្រាប់ឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២.២៨លាននាក់ កើនឡើង ១០៥៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ប៉ុន្តែមានការថយចុះ ៦៥.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ (មុនជំងឺរាតត្បាត)។

លោកបន្តថា ប្រភពទីផ្សារសំខាន់ៗគឺប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឡាវ ឥណ្ឌូនេស៊ី កូរ៉េ បារាំង ម៉ាឡេស៊ី និងចក្រភពអង់គ្លេស។ ចំណែកឯភ្ញៀវទេសចរផ្ទៃក្នុង រួមមានៈ ភ្ញៀវទេសចរជាតិមានចំនួន ១៣,៩ លាននាក់ កើនឡើង ១៩៨,៨% និងភ្ញៀវទេសចរបរទេសមាន ១,៨ លាននាក់ កើនឡើង ៥៧២,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

លោក ជា សែ បន្ថែមថា ម៉្យាងវិញទៀត សម្រាប់ខែទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤០២,៩៤៣នាក់ កើនឡើង ៧៩៧.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរផ្ទៃក្នុង រួមមាន ភ្ញៀវទេសចរជាតិ មានចំនួន ១,៨៧លាននាក់ កើនឡើង ១០៤.២%។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន ២០៦.២០៥នាក់ កើនឡើង ១៤០.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕