ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំ សន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ដើម្បីជំរុញការអនុវត្តដោយសុចរិតលើទីផ្សារ»ក្នុងគោលបំណងបង្ហាញអំពីតួនាទីកាន់តែសកម្មឡើងនូវកិច្ចការពារអ្នកប្រើប្រាស់ក្នុងយុគសម័យនៃការអភិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមដែលកើតចេញពីការធ្វើពាណិជ្ជកម្មមិនសុចរិតតាមគ្រប់ទម្រង់។
ថ្លែងក្នុងពិធីបើកសន្និសីទនាថ្ងៃទី ៤ ខែមេសានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» លើកឡើងថា សន្និសីទថ្នាក់ជាតិលើកនេះធ្វើឡើងដោយភ្ជាប់ជាមួយទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកថ្ងៃទី១៥ ខែមីនា ដែលទើបកន្លងផុតទៅថ្មីៗនេះ ក្នុងគោលបំណងបញ្ជាក់ថា សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានយកចិត្តទុកដាក់ និងទទួលបានការការពារដោយរដ្ឋាភិបាលនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិពីការអនុវត្តអាជីវកម្មគ្មានសីលធម៌ ឬមិនមានភាពសុចរិត ទាំងក្រៅបណ្ដាញអ៊ីនធើណិត និងលើបណ្ដាញអ៊ីនធើណិត។
លោករដ្ឋមន្ត្រី បន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ (UNGCP) បានចេញគោលការណ៍ណែនាំដល់ប្រទេសជាសមាជិកគួរបង្កើតក្របខណ្ឌច្បាប់ បទប្បញ្ញត្តិការពារអ្នកប្រើប្រាស់ ស្ថាប័នអនុវត្តច្បាប់ និងយន្តការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលមានប្រសិទ្ធភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។ ដូចគ្នានេះដែរ នៅក្នុងតំបន់អាស៊ាន កិច្ចការពារអ្នកប្រើប្រាស់ត្រូវបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់ក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៦-២០២៥ (ASAPCP) ព្រមទាំងបានលើកទឹកចិត្តដល់ប្រទេសជាសមាជិកក្នុងការបង្កើតក្របខណ្ឌបទប្បញ្ញត្តិ ដើម្បីឱ្យប្រព័ន្ធការពារអ្នកប្រើប្រាស់កាន់តែល្អប្រសើរ។
លោកបន្ថែមថា ទោះបីជាប្រទេសកម្ពុជាមានរបបការពារអ្នកប្រើប្រាស់ក្មេងជាងគេនៅក្នុងតំបន់អាស៊ានក៏ដោយ តែក៏កំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយចាប់តាំងពីការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់កាលពីឆ្នាំ២០១៩មក ឯកសារគតិយុត្តជាច្រើនទៀតត្រូវបានរៀបរៀង និងអនុម័តឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានគោលការណ៍ណែនាំស្តីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ និងការដាក់ចេញនូវកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច។
រដ្ឋមន្រ្តីពាណិជ្ជកម្មរូបនេះ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវេទិកានៃអង្គសន្និសីទនេះ អ្នកចូលរួមទាំងអស់នឹងបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីផ្តល់ជាធាតុចូល ក្នុងការពង្រឹងនិងលើកកម្ពស់បន្ថែមទៀតនូវការយល់ដឹងអំពីសិទ្ធិរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយរំពឹងថា លទ្ធផលដែលកើតចេញពីកិច្ចពិភាក្សានេះ អ្នកចូលរួមអាចទទួលបាននូវទស្សនៈផ្សេងៗស្របទៅតាមច្បាប់ និងឈានឆ្ពោះទៅការកសាងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពតាមកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលអង្គប្រជុំគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់អនុម័តឱ្យក្លាយជាឯកសារគតិយុត្តនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប. បានលើកឡើងដែរថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់កម្ពុជា មានលក្ខណៈល្អគ្រប់គ្រាន់ក្នុងការដោះស្រាយតម្រូវការបន្ទាន់ ដែលធ្វើឱ្យកើតមាននូវវិធីថ្មីនៃរបៀបដែលអាជីវកម្ម និងអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការ។ ហេតុនេះ អ្នកប្រើប្រាស់ទាំងអស់ត្រូវតែស្វែងយល់ឱ្យបានច្បាស់ ដើម្បីការពារខ្លួនពីហានិភ័យ ដូចជាការបោកប្រាស់ទាក់ទងនឹងការទិញទំនិញ ឬការផ្ដល់ប្រាក់កម្ចីតាមអ៊ីនធើណិត ជាដើម។
លោកបន្តថា ក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចឱ្យមានការរៀបចំតាក់តែងច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិក្រោមច្បាប់ទាំងនេះឡើង ស្របទៅនឹងឧត្តមានុភាពល្អអន្តរជាតិ, ក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ ត្រូវបានប្រគល់អាណត្តិដោយច្បាប់ ជាស្ថាប័នមួយនាំមុខ ទទួលបន្ទុកជំរុញឱ្យមានការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់ទាំងនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់គ្រប់ស្រទាប់មហាជនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែស៊ីជម្រៅជូនដល់អ្នកប្រើប្រាស់ និងអ្នកធ្វើធុរកិច្ច សំដៅធ្វើយ៉ាងណាឱ្យសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារជាមួយនឹងការធ្វើពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែងដោយសុចរិត អ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពពាណិជ្ជកម្មជាមួយគ្នាដោយមានទំនុកចិត្ត និងធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕