សម្តេច ហ៊ុន សែន ស្វាគមន៍អតីតមន្ត្រីគណបក្ស GDP ២ រូប

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល និងជាប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍អតីតមន្ត្រីជាន់ខ្ពស់នៃ គណបក្សប្រជាធិតេយ្យមូលដ្ឋាន ២ រូបភាព គឺលោកបណ្ឌិត សាម អ៊ីន និង លោក សែម ហាក់ ។ សម្តេចនឹងស្នើតែងតាំងអ្នកទាំងពីរជារដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

សម្តេច ហ៊ុន សែនបានឱ្យដឹងកាលពីយប់ថ្ងៃទី ២ ខែមេសា ថា «មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិតសាម អុីនស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិតសាម អ៊ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចបន្តថា «ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រិត្យតែងតាំងបណ្ឌិតសាម អុីនជារដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បីឲ្យស្របតាមជំនាញដែលគាត់មាននិងអាចធ្វើបាន»។

សម្តេចបន្ថែមថា «បន្ទាប់ពីបណ្ឌិតសាម អ៊ីន ខ្ញុំទើបបានទទួលពាក្យស្នើសុំពីលោកសែម ហាក់អតីត អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបចាកចេញសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។យើងពេញចិត្តនិងទទួលយកនិងប្រគល់ការងារនៅក្រសួងបរិស្ថានក្នុងឋានះជា អនុរដ្ឋលេខាធិការ»។

លោក បណ្ឌិត សាម អ៊ីន “ក្រោយខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងផែនការចង់ចូលរួមជួយក្រសួងបរិស្ថាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារក្នុងក្រសួងបរិស្ថាន ជារដ្ឋលេខាធិការ ក្រោមការដឹកនាំរបស់ឯកឧត្ដម សាយ សំអាល់ ជារដ្ឋមន្រ្តី”។

លោកបានសម្តែងក្តីរីករាយចំពោះការទទួលបានឱកាសដ៏ល្អនេះ និងត្រៀមខ្លួនចូលរួមជួយការងារក្រសួង ឱ្យអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពដែលមាន។លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចនាយករដ្ឋមន្រ្តី និង លោក សាយ សំអាល់ ដែលផ្តល់ឱកាស និងការគាំទ្រចំពោះសំណើររបស់លោក។
លោកបសនបញ្ជាក់ថា “សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកមានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ”។

យុវជនសង្គមស៊ីវិល គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរដ៏ត្រឹត្រូវរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។

ក្រុមយុវជនសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្ដល់ឱកាសឱ្យសមាជិកគណបក្សផ្សេងៗដើម្បីចូលរួមជីវភាពនយោបាយ និងសកម្មជន NGO នានា ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាអគ្គមគ្គុទេ្ទសន៍ដ៏ឆ្នើម ដែលបាននាំសន្តិភាពពិតប្រាកដមកឲ្យព្រះរាជាណាចក្រកម្ពុជា។

ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានា ចូលរួមជាមួយរាជដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសយកចំណេះដឹង វិជ្ជាជិវៈមកបម្រើសង្គមជាតិមាតុភូមិរបស់ខ្លួន៕