ភ្នំពេញ ៖ ក្លឹបកម្សាន្ដយីហោ 666 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវចៃកា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយប្រើពេលមួយម៉ោង ដើម្បីអន្ដរាគមន៍សមត្ថកិច្ចបានគ្រប់គ្រងទីតាំងនេះបាន និងមិនឲ្យឆ្លងរីករាលដាលឡើយ។
លោក ព្រហ្ម យ៉នបន្ដទៀត ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់២១ឡាន ក្នុងនោះ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ ១២ឡាន ស្មេីរនឹង ៤៨ម៉ែត្រគូន, រថយន្តក្រសួងមហាផៃ្ទ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ ០៥ឡាន ស្មេីរនឹង ២០ម៉ែត្រគូប, រថយន្តកោះនរា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង ០៦ម៉ែត្រគូប។
លោក បានបញ្ជាក់ទៀតថា ទីតាំងក្លឹបកម្សាន្ដនេះ មានម្ចាស់ឈ្មោះ ង៉ែត ដារ៉ា អាយុ៤០ឆ្នាំ ហើយប្រភេទសំណង់ដែលត្រូវភ្លើងឆេះ ថ្មបេតុងប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រ គុណ៤០ម៉ែត្រ។ ដោយឡែក មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕