រដ្ឋសភាបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នាព្រឹកថ្ងៃទី៣០ មីនានេះ

ភ្នំពេញ:សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១០៥រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ មានចំនួន ៣ គឺ៖
១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦។
៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕