ភ្នំពេញ ៖ គណៈមេធាវីកម្ពុជានារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីណែនាំស្តីពី ជំនួយការមេធាវី ដោយមេធាវីម្នាក់អាចមានសិទ្ធិស្នើសុំប័ណ្ណជំនួយការមេធាវី យ៉ាងច្រើន៥រូប ។
ការចេញសេចក្តីណែនាំនេះ ក្រោយគណៈមេធាវីកម្ពុជាដែលមានលោក លី ច័ន្ទតុលា ជាប្រធាន បានសង្កេតឃើញថា លក្ខខណ្ឌនៃការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីនៅពុំទាន់ច្បាស់លាស់ នាំឲ្យមានការតវ៉ា យោបល់ និងសំណូមពរផ្សេងៗគ្នាពីសហភាតាលើការចេញប័ណ្ណសម្គាល់ខ្លួនជំនួយការមេធាវីនេះ ។
ម្យ៉ាងក៏នៅមានជំនួយការមួយចំនួនតូចបានយកប័ណ្ណសម្គាល់ខ្លួន ទៅប្រើខុសពីតួនាទីនិងភារកិច្ចដែលមេធាវីបានប្រគល់ឲ្យ បណ្តាលឲ្យមានប៉ះពាល់ដល់កិត្តិយសរបស់មេធាវី និងវិជ្ជាជីវៈមេធាវីទាំងមូល ៕