កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានសហការគ្នាស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់បាន ពីបទចោរកម្ម(លួចម៉ូតូ)កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ លោកសុខ មេសា អធិការរង នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ស្តេីង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វេីសកម្មភាពចូលលួចម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់១B.៥៥០៣នៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ សុង សោភា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រួចបានជិះគេចខ្លួនបាត់តែម្តង។

លោកអធិការរងបានឲ្យដឹងទៀតថា លុះដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទីព្រឹក ជនរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់អោយជួយធ្វើអន្តរាគមន៍ តាមរកម៉ូតូដែលជនសង្ស័យលួចយកទៅ។ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយអាត់បានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋទាំង៧ ធ្វេីការស្រាវជ្រាវតាមរកជនសង្ស័យដែលលួចម៉ូតូយកទៅបាត់នោះ។ លុះដល់ម៉ោង១៧និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដីបានឃេីញមុខសញ្ញាជនសង្ស័យនៅចំណុចក្បែរគុម្ពឬស្សី ស្ថិតនៅក្នុងភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ហើយបានចាប់ជនមុខសញ្ញានេះ យកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីសួរនាំ ហេីយជនសង្ស័យឈ្មោះ សេង ស្តេីង ក៏បានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូដែលជាកម្មសិទ្ធរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕