អតីតបុគ្គលិក VOD ១១រូប ចូលធ្វើការនៅក្រសួងកសិកម្ម

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អតីតបុគ្គលិកវិទ្យុ VOD ចំនួន១១រូបបានស្ម័គ្រចិត្តដាក់ពាក្យចូលបម្រើការងារនៅក្រសួងកសិកម្ម ក្រោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបើកឱកាសឲ្យ។

លោក ឌិត ទីណាថា ជាមួយនឹងវត្តមានរបស់ពួកគាត់ទាំង១១រូបនេះ នឹងជួយឲ្យវិស័យកសិកម្មកាន់តែរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះ លោកក៏បង្ហាញក្តីសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អ្នកទាំង១១រូប នឹងអាចដើរលើមាគ៌ារួមមួយ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី ឌិត ទីណានេះ បានធ្វើឡើងក្នុងឱកាសជួបប្រជុំជាមួយអតីតក្រុមអ្នកព័ត៌មានទាំង១១រូបនាព្រឹកថ្ងៃ២៩ មីនា ។ លោកថា “សូមស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ទាំង១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៏ឆាប់ខាងមុខ។ ខ្ញុំសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អ្នកទាំង១១រូប យើងនឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្មរបស់យើងឲ្យកាន់តែរឹងមាំ និងខ្លាំងក្លា” ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។ ក្រោយការបិទសម្តេចតេជោ បានផ្តល់ឱកាសឲ្យបុគ្គលិកទាំងអស់សរុបប្រមាណជា៥០នាក់ដាក់ពាក្យចូលបម្រើការងារនៅតាមក្រសួងនានា ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងអ្វីឡើយ ហើយដល់ថ្ងៃឱសានវាទ នាថ្ងៃ២៨ កុម្ភៈ ក៏មានបុគ្គលិក២៥នាក់បានដាក់ពាក្យតាមការប្រកាស ហើយមកទល់ពេលនេះ ពួកគាត់ក៏បានចូលធ្វើការនៅតាមក្រសួងនានាអស់ហើយ ៕